គិតត្រឹមវេលាម៉ោងជិត៩យប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានរកឃើញកម្មករនៅរោងចក្រកាត់ដេរ «ឌីន ហាន»
ឆ្លងជំងឺកូវីដ១៩ ជិត៥០នាក់ នេះបើតាមអភិបាលរាជធានីភ្នំពេញរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិច។
រោងចក្រកាត់ដេរ «ឌីន ហាន» ដែលមានកម្មករនិយោជិត៥០ឆ្លងជំងឺកូវីដ១៩នេះ មានទីតាំងស្ថិតនៅផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អភិបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់កម្មករកម្មការនីទាំងអស់ដែលបម្រើការនៅរោងចក្រមួយនេះ ត្រូវមកយកសំណាកដើម្បីពិនិត្យជាបន្ទាន់ នៅយប់នេះ និងថ្ងៃស្អែកជាកំហិត បើមិនដូច្នេះទេមិនអនុញ្ញាតឲ្យចូលធ្វើការឡើយ។
ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនសាច់ញាតិ ឬមិត្តភ័ក្ររបស់កម្មករទាំងនោះ ត្រូវជួយណែនាំឲ្យពួកគេធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃតាមចំនួនកំណត់
ហើយបើធ្វើមិនបានត្រឹមត្រូវទេ នឹងទទួលទោសពិន័យតាមច្បាប់ ជាក់ជាមិនខានឡើយ។ សម្រាប់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវត្រួតពិនិត្យតាមដានដោយយកចិត្តទុកដាក់បំផុត។
នៅយប់ថ្ងៃនេះអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌមានជ័យ ព្រមទាំងមន្រ្តីសុខាភិបាល បាននិងយកសំណាកទៅលើបងប្អូនកម្មករនៅក្នុងរោងចក្រផ្ទាល់តែម្តង ដើម្បីស្វែងរកកូវីដ១៩។
យោងតាមរបាយការណ៍របស់អាជ្ញាធរខណ្ឌមានជ័យ បានឲ្យដឹងថា កម្មករដែលកំពុងបម្រើការងារនៅក្នុងរោងចក្រមួយនេះមានចំនួន ២៥៦២នាក់៕
ក្រោយពីមានការផ្សព្វផ្សាយព័ត៌មានបែបនេះ នៅមុននេះបន្តិច យោងតាមសារសំឡេងបន្ទាន់របស់លោក ម៉េត មាសភក្តី ដែលជាអ្នកនាំពាក្យរបស់រដ្ឋាបាលរាជធានីភ្នំពេញ
ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ករណីខាងលើនេះពិតជាបានកើតឡើងពិតប្រាកដមែន ខណ់ៈដែលពេលនេះអាជ្ញាធរកំពុងតែរៀបចំ
ការចុះយកសំណាកនៅរោងចក្រផ្ទាល់ដើម្បីធ្វើការរកអ្នកដែលមានផ្ទុក Covid-19 ហើយឆ្លៀតក្នុងឱកាសនេះ លោកក៏បានធ្វើការអំពាវនាវផងដែរ
ដើម្បីកម្មករនៅក្នុងរោងចក្រខាងលើមកធ្វើតេស្តជាបន្ទាន់នៅក្នុងទីតាំងរោងចក្រផ្ទាល់តែម្តង ដើម្បីចូលរួមទប់ស្កាត់ករណីឆ្លងរីករាលដាលនេះ។